ជ្រើសរើសភាសា: Khmer Khmer English English
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់ “កម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច” រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី៣១ ខែសីហា ឆ្នាំ ២០២៦

    នៅព្រឹកថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និង លោកស្រី យ៉សមីន ស៊ីឌីគី នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បានចុះហត្ថលេខារួមគ្នា លើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់ “កម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច (Rapid Intervention for Stabilization of the Economy Program – RISE)” ក្រោមក្របខណ្ឌ័ Countercyclical Support Facility (CSF) ដែលមានទំហំហិរញ្ញប្បទានសរុបចំនួន ២៥០ លានដុល្លារអាម៉េរិក ។ ពិធីចុះហត្ថលេខានេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម ចាង នៀនហ្សាន (Nianshan Zhang) អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍ នៃ ADB ផងដែរ ។


    “កម្មវិធី RISE” មានគោលបំណងគាំទ្រដល់ការអនុវត្ត “កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ” ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងគោលដៅបង្កើតមុខរបរ និងការងារ, ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បីឆ្លើយតបនឹងផលប៉ះពាល់អវិជ្ជមានជាបន្តបន្ទាប់ដែលបណ្ដាលមកពីពហុវិបត្តិ និងភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសកល និងតំបន់ ។

     “កម្មវិធី RISE” ផ្ដោតលើសម្មិទ្ធិផលគន្លឹះចំនួន ៣ រួមមាន៖

១. ការកាត់បន្ថយផលប៉ះពាល់ជាបណ្តោះអាសន្នពីការប្រែប្រួលខ្លាំងនៃថ្លៃប្រេងឥន្ធនៈលើសេដ្ឋកិច្ច

២. ការផ្ដល់ជំនួយហិរញ្ញវត្ថុចំគោលដៅ និងការគាំទ្រសកម្មភាពកសិកម្មជូនគ្រួសារងាយរងគ្រោះ និង

៣. ការពន្លឿនអន្តរកាលបៃតង សំដៅពង្រឹងភាពធន់ និងភាពឆ្លើយតបចំពោះវិបត្តិថាមពលជាយថាហេតុនាពេលអនាគត ។

    ការទទួលបានហិរញ្ញប្បទានសម្រាប់ “កម្មវិធី RISE” ក្រោមយន្តការ CSF នាពេលនេះមិនត្រឹមតែជាការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដំណោះស្រាយទាន់ពេលវេលា ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាឱ្យឆ្លងផុតពីកាលៈទេសៈដ៏លំបាកនេះ និងរក្សាសន្ទុះកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ។


    កម្ពុជា ជាប្រទេសសមាជិកទី ១ ដែលទទួលបានការគាំទ្រពី ADB លើ “កម្មវិធី RISE” នេះ, ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល ADB កាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៦ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានក្នុងថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៦ ។

    

     ឆ្លៀតក្នុងពិធីនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម Masato Kanda ប្រធាន ADB ដែលបានប្រកាសដាក់ចេញនូវកញ្ចប់អន្តរាគមន៍ក្រោមក្របខណ្ឌ CSF ដែលជាការឆ្លើយតបរបស់ ADB យ៉ាងឆាប់រហ័សចំពោះវិបត្តិនៅមជ្ឈិមបូព៌ព្រមទាំងបានថ្លែងអំណរគុណដល់ស្ថានតំណាង ADB ប្រចាំកម្ពុជា និងក្រុមបេសកកម្មរបស់ ADB ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ក្នុងការរៀបចំ និងបំពេញនីតិវិធីនានា រហូតឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ។​​ ពិធីចុះហត្ថលេខានាពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ, ការគាំទ្រ និងការជឿទុកចិត្តខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាពីសំណាក់ADB ។

    “កម្មវិធី” នេះ មិនត្រឹមតែបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់ ADB ប៉ុណ្ណោះទេ ប៉ុន្តែ ADB បានដើរតួជា”កាតាលីករ” ដ៏សំខាន់ ក្នុងការកៀរគរហិរញ្ញប្បទានបន្ថែមសម្រាប់ជួយដល់កម្ពុជា ពិសេសក្នុងកាលៈទៅៈដែលកម្ពុជាត្រូវការជាក់ស្ដែង និងបន្ទាន់ ដូចជា វិបត្តិទឹកជំនន់ឆ្នាំ២០០០-២០០១, វិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨ និងវិបត្តិកូវីដ-១៩នាពេលកន្លងមកជាដើម ។


    ឯកឧត្តម Nianshan Zhang បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលក្នុងភាពជាម្ចាស់ និងកិច្ចខិតខំប្រឹងប្រែងរក្សាស្ថិរភាពសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជនក្នុងកាលៈទេសៈដ៏លំបាកនេះ ដោយបានគិតគូរ និងដាក់ចេញនូវវិធានការយ៉ាងឆាប់រហ័ស ដោះស្រាយបញ្ហាប្រឈម សំដៅកាត់បន្ថយផលប៉ះពាល់លើជីវភាពប្រជាជននិងសេដ្ឋកិច្ច ព្រមទាំងពង្រឹងភាពធន់ និងភាពឆ្លើយតបរបស់កម្ពុជា ចំពោះវិបត្តិថាមពលជាយថាហេតុនាពេលអនាគត ។ ADB បន្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា រួមគ្នាដោះស្រាយ បញ្ហាប្រឈមនានាដើម្បីធានាបាននូវកិច្ចអភិវឌ្ឍន៍ប្រកបដោយ និងចីរភាព ។


    ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានស្នើ ADB បន្តផ្តល់ហិរញ្ញប្បទានសម្បទានដែលមានភាពបត់បែនខ្ពស់សម្រាប់កម្ពុជា ក្នុងដំណាក់កាលអន្តរកាល បន្ទាប់ពីការចាកចេញរបស់កម្ពុជាពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) ដើម្បីបន្តគាំទ្រដល់ការវិនិយោគលើវិស័យអាទិភាព និងរក្សាសន្ទុះនៃការអភិវឌ្ឍប្រកបដោយចីរភាព។

ព័ត៌មានទាក់ទង